ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams
Sat,21 February 2026 (Time 11:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 12នាក់)

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើស Online Scams

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។

ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។

ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមបណ្ឌិតវិញ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម បានកសាងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ ដូចជា៖ វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូនេស៊ី។

ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ បានឯកភាពចំពោះការវាយតម្លៃនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានសម្តែងអំណរអរគុណចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ដែលជានិច្ចកាល បានផ្តល់ការគាំទ្រ និងបានជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋឥណ្ឌូនេស៊ី កំពុងរស់នៅ និងប្រកបការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបណ្ឌិត ក៏បានកោតសរសើរចំពោះយុទ្ធនាការដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងអះអាងថាឥណ្ឌូនេស៊ី ត្រៀមខ្លួនជានិច្ចសហការសម្របសម្រួលជាមួយក្រសួងមហាផ្ទៃ ក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋឥណ្ឌូនេស៊ី ទៅប្រទេសដើមវិញ។ ឯកឧត្តមបណ្ឌិត ក៏បានឯកភាពជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្ដមបណ្ឌិតឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យកីឡាផងដែរ ហើយក៏បានបង្ហាញបំណងពង្រឹងវិស័យនេះ ដោយឈរលើស្មារតីសាមគ្គីភាព និងមិត្តភាពល្អរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីគោលជំហរចំពោះការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានរំលេចឡើងវិញអំពីជំហរកម្ពុជា ប្រកាន់ខ្ជាប់កិច្ចព្រមព្រៀងសន្តិភាព និងយន្តការដោះស្រាយដោយសន្តិវិធី ដើម្បីធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាង និងសហសន្តិវិជ្ជមានក្នុងតំបន់អាស៊ាន។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត បានគាំទ្រកម្ពុជា ដែលប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយដោយសន្តិវិធី និងជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងស្តីពីសន្តិសុខ។ ឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត អះអាងជាថ្មីទៀតថា ឥណ្ឌូនេស៊ី ត្រៀមសហការគ្រប់បែបយ៉ាងជួយគាំទ្រគ្រប់បែបយ៉ាង ដើម្បីនាំមកនូវសុខសន្តិភាពក្នុងតំបន់អាស៊ាន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ