ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់……………………លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិករបស់សមាគមទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់សាមគ្គីជាតិខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការជំរុញរបស់លោកបណ្ឌិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ក្នុងនាមជាប្រធានសមាគម IPA លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ក្នុងការបំពេញបេសកកម្មផ្តល់ព័ត៌មានពិត ជូនដល់សាធារណជន ពិសេសក្នុងដំណាក់កាលដែលកម្ពុជា ប្រឈមនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ។ ជាមួយគ្នានេះ លោកបណ្ឌិត កត់សម្គាល់ថា ក្នុងបរិបទដែលពិភពលោក កំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពិសេសការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម យើងសង្កេតឃើញថា មានការប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត ពិសេសមានចេតនាបំបែកបំបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ ក៏ដូចជាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ទាំងអស់ចូលរួមចំណែក៖ទី១. ប្រឆាំងដាច់ខាតចំពោះព័ត៌មានញុះញង់ ៖ ត្រូវរួមគ្នាទប់ស្កាត់រាល់ខ្លឹមសារដែលបង្កឱ្យមានការស្អប់ខ្ពើម ការបំបែកបំបាក់សាមគ្គីភាពជាតិ និងការរើសអើង ដែលអាចនាំឱ្យមានអស្ថិរភាពក្នុងសង្គមជាតិ។ទី២. ការពារសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ៖ ក្នុងនាមជាសសរស្តម្ភទី៤ នៃលទ្ធិប្រជាធិបតេយ្យ យើងមានកាតព្វកិច្ចការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ យើងមិនត្រូវបណ្តោយឱ្យស្ថាប័នសារព័ត៌មាន ក្លាយជាឧបករណ៍សម្រាប់ក្រុមជនអគតិដែលមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាល ឬបង្កចលាចលនោះឡើយ។ទី៣. ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ ៖ មុននឹងចុះផ្សាយ ឬចែករំលែកព័ត៌មានណាមួយ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ "ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ"។ ចៀសវាងការប្រើប្រាស់ពាក្យពេចន៍ អុជអាល ឬការបំផ្លើសការពិត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមបក្សពួក។ទី៤. បណ្តុះស្មារតីអក្ខរកម្មព័ត៌មាន ៖ ជួយអប់រំ និងណែនាំសាធារណជន ឱ្យចេះវិភាគ វាយតម្លៃព័ត៌មាន និងកុំឱ្យជឿលើ "ព័ត៌មានក្លែងក្លាយ" (Fake News) ដែលមានបំណងបង្កភាពភ័យខ្លាច ឬការយល់ច្រឡំ។ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បានសង្កត់ធ្ងន់ថា "សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌សង្គម។ ការរក្សាសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិយើង”។ពីវេទិកានៃកិច្ចប្រជុំរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) នោះដែរ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានរម្លឹកឱ្យអ្នកសារព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មានជាសមាជិកទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នូវរាល់វិធានការចំពោះមុខដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងន័យបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស Online Scams និងដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដែលបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួន បានផ្សព្វផ្សាយ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នាពេលកន្លងមក។ ជាចុងបញ្ចប់ លោកបណ្ឌិត ទូច វណ្ណៈ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសមាជិក IPA ទាំងអស់នឹងបន្តជាអ្នកនាំសារដ៏ស្មោះត្រង់ និងជាខែលដ៏រឹងមាំក្នុងការការពារសុខសន្តិភាព និងស្ថិរភាពនៃមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ