ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
អ្នកនាំពាក្យ ថ្លែងពីសារៈសំខាន់នៃទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន!
Tue,25 March 2025 (Time 01:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

អ្នកនាំពាក្យ ថ្លែងពីសារៈសំខាន់នៃទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៅកាន់ប្រទេសឡាវ និងវត្តមានចូលរួមពីអភិបាល និងស្នងការខេត្តជាប់ព្រំដែន!
………………….
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចដើម្បីចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមីនានេះ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នៅក្រសួងសន្តិសុខសាធារណៈឡាវ ទីក្រុងវៀងច័ន្ទន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង មុនបន្តធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ដោយមានការផ្លាស់ប្ដូរសភាពការណ៍ ជាអាទិ៍ សភាពការណ៍សកល និងសភាពការណ៍ទូទៅពាក់ព័ន្ធវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ព្រមទាំងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ខណៈមុនដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូឧត្តមមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំជាមួយឧត្តមមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ដោយភាគីទាំងពីរបានឯកភាពគ្នាជាបឋមរួចស្រេចហើយលើឯកសារកំណត់ហេតុសហប្រតិបត្តិការឆ្នាំ២០២៥។

បើតាមលោក រ៉េន រតនៈ ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអញ្ជើញដាក់កម្រងផ្កានៅវិមានរម្លឹកវីរជនពលី និងបន្តទៅទស្សនកិច្ចទីតាំងសំខាន់មួយចំនួនទៀតផងដែរ។

នេះជាដំណើរទស្សនកិច្ចលើកទី១របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅកាន់ប្រទេសឡាវ គិតចាប់ពីពេលចូលកាន់មុខតំណែងប្រមុខក្រសួងមហាផ្ទៃកម្ពុជា។ ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តមួយចំនួនទៀត រួមមាន ឯកឧត្តមអភិបាលខេត្តរតនគិរី អភិបាលខេត្តព្រះវិហារ អភិបាលខេត្តស្ទឹងត្រែង និងស្នងការនគរបាលខេត្តទាំង៣។ លោក រ៉េន រតនៈ បានគូសបញ្ជាក់ទៀតថា វត្តមាន ឯកឧត្តមអភិបាល និងលោកស្នងការនគរបាលខេត្តទាំង៣ ចូលរួមដំណើរទស្សនកិច្ចនេះ ជាការបញ្ជាក់ច្បាស់នូវឆន្ទៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់ របស់ សម្ដេចធិបតី និយាយជារួម និងដោយឡែក ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងការជំរុញកិច្ចសហការរវាងរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាព ទាំងការថែរក្សាសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន រួមទាំងប្រជាជនចេញចូលជាធម្មតាប្រចាំថ្ងៃ និងប្រជាជនជាភ្ញៀវទេសចរ ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងទប់ស្កាត់រាល់បាតុភាពទាំងឡាយដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងសងខាង ក៏ដូចជាមនុស្សជាតិទាំងមូល។

អ្នកនាំពាក្យបានបន្ថែមក្នុងន័យដើមថា«ត្រង់ចំណុចនេះហើយ ដែលខ្ញុំចង់ទាញភ្ជាប់ទៅនឹងវត្តមាន លោកស្នងការនគរបាលខេត្តទាំងបី ជាប្រតិបត្តិករធានាថែរក្សាសន្តិសុខ តាមរយៈបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆ្លងដែន ដូចជាការដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន អំពើជួញដូរមនុស្សគ្រប់ទម្រង់ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពឆ្លងដែនខុសច្បាប់ជាដើម។ ខ្ញុំសូមបញ្ជាក់បន្តិចថា ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ គ្រឿងញៀននៅកម្ពុជាភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ហើយត្រូវបានលួចលាក់នាំចូលមកកម្ពុជា៤៥ភាគរយតាមព្រំដែន ពិសេសព្រំដែនខេត្តព្រះវិហារ និងស្ទឹងត្រែង ខណៈ៣៩ភាគរយទៀតមកតាមព្រំដែនគោក កម្ពុជា-ថៃ។ ជារួម ៩៣ភាគរយ នៃគ្រឿងញៀនដែលនាំចូលនោះ មានគោលដៅនាំចេញទៅប្រទេសនានា តាមច្រកសមុទ្រ ផ្លូវគោក ផ្លូវអាកាស និងបញ្ញើប្រៃសណីយ៍ជាដើម។ ដូច្នេះ សំខាន់ណាស់ដែលមានវត្តមានអភិបាលខេត្ត និងស្នងការនគរបាលខេត្តទាំង៣ចូលរួមទស្សនកិច្ចនេះ»៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ