ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្ត និងក្រុង ស្រុក នៃខេត្តបាត់ដំបង រៀបចំផ្លូវថ្មើរជើងពេលរាត្រី ដើម្បីឱ្យពលរដ្ឋដើរនិងកម្សាន្ត!……………….ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាអំពីការចាប់ផ្តើមដំណើរការផ្លូវថ្មើរជើង រៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅរាជធានីភ្នំពេញ។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីសាធារណជន ទាំងអ្នកហាត់ប្រាណកម្សាន្ត និងអ្នកថ្មើរជើង មិនថាមនុស្សចាស់ វ័យកណ្ដាល យុវជន និងកុមារ ដ្បិតពួកគាត់ មិនព្រួយបារម្ភអំពីបញ្ហាចរាចរណ៍ និងក្លិនផ្សែងចេញពីយាន្ដយន្ត ខណៈអ្នកលក់ដូរ បែបចល័តក៏ទទួលបានឱកាសលក់អាហារ និងវត្ថុអនុស្សាវរីយ៍ដាច់ជាងមុនដែរ។ ឯកឧត្តម ក៏បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង គិតគូរលើចំណុចនេះដែរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំតាមលំនាំសាលារាជធានីភ្នំពេញ គឺផ្លូវថ្មើរជើង សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយកំណត់ក្នុងចន្លោះពេលវេលាណាមួយ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម ជាដើម។ ពាក់ព័ន្ធការកែលម្អ សោភ័ណភាព និងការរៀបចំទីតាំងផ្សេងៗ ដើម្បីទាក់ទាញឱ្យភ្ញៀវទេសចរ និងបំរើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ អ្នកដើរកម្សាន្ត និងហាត់ប្រាណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការស្រាវជ្រាវមួយរកឃើញថា ប្រជាជន ១៤% បានកាត់បន្ថយភាពតានតឹង ឬស្ត្រេស ដោយសារតែអាជ្ញាធរ រៀបចំទីតាំងសម្រាប់ពួកគាត់ ដើរហាត់ប្រាណ និងទីតាំងសម្រាប់ថ្មើរជើងកម្សាន្តនៅពេលព្រឹក ពេលល្ងាច និងពេលយប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យរដ្ឋបាលខេត្ត ដូចគ្នាដែរ រដ្ឋបាលក្រុង ស្រុក ចំណុះឱ្យខេត្តបាត់ដំបង ត្រូវមានការជួបប្រជុំពិភាក្សាគ្នាជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោល ក្នុងតំបន់គ្រប់គ្រងនៃមូលដ្ឋានរបស់ខ្លួន ជៀសវាងតំបន់មានសក្តានុពល ត្រូវបានប្រើប្រាស់ខុសគោលដៅ ដែលនាំឱ្យពិបាកដោះស្រាយនាថ្ងៃក្រោយ។ ឯកឧត្តម បានលើកឡើងនូវបទពិសោធដែលតំបន់មានសក្តានុពលទេសចរណ៍ធម្មជាតិ ភ្នំ និងអាកាសធាតុ ប្រៀបបានប្រទេសស្វីស ដែលត្រូវបានគ្រប់គ្រងជាបន្តបន្ទាប់ដោយវិស័យឯកជន។ សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំសន្និបាត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលពិធីបិទប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីរាជការ កងកម្លាំងទាំងអស់ សម្រាប់ការបំពេញភារកិច្ចប្រកបដោយជោគជ័យក្នុងឆ្នាំ២០២៤ និងក៏បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តការងារដែលបានដាក់ចេញ ដោយពិនិត្យកែសម្រួលបន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងស្ថានភាពឆ្នាំ២០២៥ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ