ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
Wed,05 February 2025 (Time 10:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
……………….
ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ដូចជា៖ ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជនរបស់រាជរដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព នាពេលកន្លងទៅនេះ។

ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព មានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង នឹងជួយឱ្យការអនុវត្តមុខងារនានា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជាស្ថាប័នទំនើបកម្ម ទាំងទៅលើការគ្រប់គ្រង ការផ្តល់សេវា និងចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងនាមជាប្រធាន គ.ជ.អ.ប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ទោះបីមុខងារ និងធនធានត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដោយ ក៏ក្រសួង ស្ថាប័ន ដែលបានផ្ទេរមុខងារទាំងនោះ នៅតែមានកាតព្វកិច្ចក្នុងការរៀបចំគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជាពិសេសការបន្តការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារទាំងនោះ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដារអប្បបរមាដែលបានកំណត់ជាធរមាន។

ផ្អែកលើឆន្ទៈនយោបាយដ៏មុតមាំ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាជិក សមាជិកា នៃ គ.ជ.អ.ប. ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកថែមទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងស្តង់ដារដែលបានកំណត់។

របាយការណ៍ស្តីពីវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤របស់ គ.ជ.អ.ប ដែលបង្ហាញក្នុងកិច្ចប្រជុំដោយឯកឧត្តម ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងឆ្នាំ២០២៤កន្លងទៅ គ.ជ.អ.ប. បានអនុវត្តផែនការសកម្មភាពនិងថវិកាសម្រេចលទ្ធផលប្រមាណ៩០ភាគរយ នៃលទ្ធផលរំពឹងទុក។ កិច្ចប្រជុំលើកទី២៤នេះ គ.ជ.អ.ប បានអនុម័តចំនួនរបៀបវារៈ ៤ រួមមាន៖ ទី១ ការពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី២៣ របស់ គ.ជ.អ.ប ទី២. ការពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប ទី៣. ការពិនិត្យនិងអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប និងទី៤. ការពិនិត្យ ពិភាក្សា និងកំណត់វិធានការដោះស្រាយលើបញ្ហាប្រឈម សំណើសំណូមពរ ដែលបានលើកឡើងតាមរយៈកិច្ចប្រជុំនានា និងវេទិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ