ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចកិច្ចការអាទិភាព ៣ ឱ្យអង្គសន្និបាតក្រសួងមហាផ្ទៃ រិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែមលើភារកិច្ចស្នូល!………………….សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បានប្រារព្ធពិធីបើកនាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាត បានរៀបចំនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ថ្លែងបើកសន្និបាត នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទាញចំណាប់អារម្មណ៍អង្គសន្និបាត ដោយរំលេចអំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់ពិភាក្សា និងរិះរកវិធីសាស្រ្តល្អៗដើម្បីពង្រឹងកិច្ចការ ចំនួន ៣ បន្ថែមលើភារកិច្ចស្នូល គឺ ទី១. ការអភិវឌ្ឍធនធានមនុស្ស ទី២. ការផ្ដល់សេវាសាធារណៈ និងទី៣. ការអភិវឌ្ឍឌីជីថល។ ពាក់ព័ន្ធការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់អំពីគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ធ្វើកំណែទម្រង់ធនធានមនុស្សក្នុងចំណោមមន្រ្តីរាជការស៊ីវិល កងកម្លាំង និងមន្រ្តីកិច្ចសន្យាជាដើម ដោយផ្ដោតលើការពង្រឹងសមត្ថភាពមន្រ្តីដែលមានស្រាប់។ ឯកឧត្តម បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងការបណ្តុះបណ្តាលកម្រិតផ្ទៃក្នុង និងការបណ្តុះបណ្តាលទូទៅ ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញការងារបម្រើសេវាសាធារណៈ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះការផ្តល់សេវាសាធារណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងអំពីភាពចាំបាច់ នៃការពង្រឹងគុណភាពនៃការអនុវត្តមុខងារដែលថ្នាក់ជាតិ បានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវប្រភេទសេវាប្រមាណ ៨០០។ បើតាមប្រមុខក្រសួងមហាផ្ទៃ ការផ្ដល់សេវា ជាពិសេសសេវានៅយន្តការច្រកចេញចូលតែមួយ ត្រូវតែធ្វើឡើងប្រកបដោយតម្លាភាព គណនេយ្យភាព និងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត តាមរយៈការរិះរកវិធីសាស្ត្រថ្មីៗ ល្អៗ ងាយៗ ដើម្បីឱ្យការបម្រើសេវាកាន់តែមានគុណភាព។ ចំណែកការអភិវឌ្ឍឌីជថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីភាពចាំបាច់ នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព និងមន្ត្រី ដើម្បីសម្របខ្លួនឱ្យទាន់ការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់គាំទ្រលើការងារប្រចាំថ្ងៃ និងធ្វើយ៉ាងណា ឱ្យបច្ចេកវិទ្យាឌីជីថល ចូលរួមជួយដល់កិច្ចការងារបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានកាន់តែប្រសើរជាងមុន និងប្រកបដោយសុវត្ថិភាព។ ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំ និងអនុវត្តប្រព័ន្ធឌីជីថលប្រកបដោយភាពប្រទាក់ក្រឡា ដើម្បីឱ្យក្លាយទៅជាស្តង់ដារតែមួយក្នុងការអនុវត្ត។ សូមបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃ នឹងបន្តរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈស្អែកនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់អង្គសន្និបាត ចូលរួមបញ្ចេញជាមតិយោបល់ និងទស្សនាទានឱ្យបានផុលផុសលើប្រធានបទពិភាក្សា ភ្ជាប់នឹងអ្វីដែលឯកឧត្តម បានរំលេចខាងដើម។ ប្រធានបទនៃកិច្ចពិភាក្សាក្នុងសន្និបាត មានចំនួន ៣ រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ