ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំនិងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
Thu,08 February 2024 (Time 04:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំសេវា និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់យ៉ាងងាយៗថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋអាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

គួររម្លឹកជូនថាក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS Innovation PLC រៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងជាជំហានៗនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ចំនួន ៣ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប កាលពីឆ្នាំ២០២១ និងត្រូវបានពង្រីកជាបន្តបន្ទាប់ មុននឹងត្រូវបានប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃនេះ។

សម្រាប់ការស្នើសុំស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ គឺជាការកែទម្រង់ដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាលឌីជីថល ដូចបានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតភ្ជាប់ព័ត៌មានវិទ្យាឌីជីថល រវាងក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព សមភាព គុណភាព និងតម្លាភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្តល់សេវារដ្ឋបាល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬឌីជីថលនេះ ទើបតែត្រូវបានដាក់អនុវត្តសាកល្បង កាលពីពាក់កណា្ដលឆ្នាំ២០២៣ ដោយក្រសួងមហាផ្ទៃ នឹងពង្រីកការអនុវត្តសាកល្បងនេះ ទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ចំនួន៨ បន្ថែមទៀត រួមមាន ៖ ខេត្តសៀមរាប ខេត្តកំពត បន្ទាយមានជ័យ កំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពង់ធំ និងខេត្តកំពង់ឆ្នាំង។

កម្ពុជា ចាប់ផ្តើមអនុវត្តយន្តការច្រកចេញចូលតែមួយ កាលពីឆ្នាំ២០០៥។ មុននឹងដំណើរការជាផ្លូវការដូចសព្វថ្ងៃ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តសាកល្បង នៅស្រុកគោលដៅ ចំនួន២ដែរ គឺ ស្រុកបាត់ដំបង ខេត្តបាត់ដំបង និងស្រុកសៀមរាប ខេត្តសៀមរាប​ ដែលកាលនោះមិនទាន់ក្លាយជាក្រុងនៅឡេីយ ក្រោមការជួយគាំទ្រពីសហភាពអឺរ៉ុប តាមរយៈអង្គការខុនរ៉ាដអាឌិនណៅអ៊ែរ។ បច្ចុប្បន្នយន្តការនេះ ទទួលការអបអសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ សង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រទេសជាដៃគូ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បន្តចូលរួមសហការ លើការងារ បណ្តុះបណ្តាល និងកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមវិស័យជំនាញនីមួយៗ នៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវផ្សព្វផ្សាយ ព្រមទាំងពន្យល់ជូនពលរដ្ឋឱ្យបានកាន់តែច្បាស់អំពីសេវាច្រកចេញតែមួយ រួមទាំងយន្តការថ្មីៗ ដូចជាការទូទាត់កម្រៃសេវាតាមប្រព័ន្ធទូទាត់វិក្កយបត្រ និងការអនុវត្តសាកល្បងការស្នើសុំ និងទទួលសេវាតាមប្រព័ន្ធអនឡាញជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ