ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតជូនលោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជា របស់អង្គការ Unicef ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះប្រសាសន៍របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ដោយបានសម្ដែងការកោតសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកស្រី បានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់កម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះថែមទៀត។នៅក្នុងឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើដល់អង្គការ Unicef ឱ្យបន្តគាំទ្រគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារដែលកំពុងរងគ្រោះ បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃ តាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ឆ្លើយតបទៅនឹងការស្នើខាងលើ លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ប្ដេជ្ញាគាំទ្រផ្ដល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗបន្តទៀត។ ជាកិច្ចបញ្ចប់ការសន្ទនា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយអង្គការ Unicef គឺជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការបន្តលើកកម្ពស់សិទ្ធិកុមារកម្ពុជា ព្រមទាំងជំរុញដល់ការដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ